681 ezgif.com resize
Swift cc time

សិង្ហបុរីចាត់ទុកថា «កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា» មានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិង្ហបុរីចាត់ទុកថា «កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា» ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការលើកឡើ់ងរបស់ លោក Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្នុងជំនួបជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានប្តេជ្ញា និងខិតខំជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗជាច្រើន ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត រួមមាន៖ ស្បៀងអាហារ និងផលិតផលកសិកម្ម ដោយផ្តោតលើការនាំចេញទៅកាន់ទីផ្សារសិង្ហបុរី, កិច្ចសហប្រតិបត្តិការលើវិស័យឡូជីស្ទីក (Logistics) និងការតភ្ជាប់ (Connectivity), និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ឯកអគ្គរដ្ឋទូត Pang Chee Wee បានគូសបញ្ជាក់ បន្ថែមថា សិង្ហបុរីបានចាត់ទុកថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ជាកម្លាំងពលកម្មដែលមានសក្ដានុពលខ្ពស់ និងមានឱកាសការងារនៅក្នុងប្រទេសសិង្ហបុរី។ លោកក៏បានលើកឡើងអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការកសាងសមត្ថភាព តាមរយៈការបណ្ដុះបណ្ដាល និងការផ្ដល់ជំនាញបច្ចេកទេសដល់មន្ត្រីរាជការនៅតាមបណ្ដាក្រសួងស្ថាប័នរបស់កម្ពុជា។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់។ បន្ថែមពីនេះ សម្តេចបានលើកឡើងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ច ក្រសួងអប់រំ និងក្រសួងការងារ ដើម្បីរៀបចំ និងអនុវត្តកម្មវិធី "គន្លងអប់រំថ្មី" ដែលមានគោលដៅតម្រង់ទិសវិជ្ជាជីវៈ និងការសាងជំនាញបច្ចេកទេសដល់យុវជន និងសិស្សនៅវិទ្យាល័យ ទៅតាមឧបនិស្ស័យ និងបំណិនផ្ទាល់ខ្លួន ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្រៅពីនេះ សម្តេច និង ឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពល, សុខាភិបាល, ការអភិរក្សជីវៈចម្រុះ និងទេសចរណ៍បែបធម្មជាតិ ជាដើម៕

Khcct banner

អត្ថបទទាក់ទង