ប៉េកាំង៖ ប្រទេសចិនបានព្រមានជាថ្មីម្តងទៀតចំពោះការលក់អាវុធរបស់សហរដ្ឋអាម៉េរិកទៅឱ្យតៃវ៉ាន់ ដោយអំពាវនាវឱ្យសហរដ្ឋអាម៉េរិកគោរពគោលការណ៍ចិនតែមួយ។ ការព្រមានរបស់ប្រទេសចិនចំពោះអាម៉េរិកនេះធ្វើឡើងកំឡុងពេលដែលលោកដូណាល់ត្រាំ និងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកជាច្រើនរូបកំពុងធ្វើដំណើរតាមអាកាសឆ្ពោះទៅកាន់ប្រទេសចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ឧសភា ដល់ថ្ងៃទី ១៥ ខែឧសភា ជាដំណើរទស្សនកិច្ចលើកទី២របស់លោកត្រាំទៅកាន់ប្រទេសចិនរាប់តាំងពីឆ្នាំ ២០១៧ ក្នុងអាណត្តិមុនរបស់លោកមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉័យទ័រ។
បើតាមលោកស្រី Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានបញ្ជាក់ថា តៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុង និងជាបញ្ហាសម្រាប់ប្រជាជនចិន។ លោកស្រីថាចិនប្រឆាំងយ៉ាងដាច់អហង្ការចំពោះសហរដ្ឋអាម៉េរិកដែលចូលរួមក្នុងទំនាក់ទំនងយោធាណាមួយជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន ហើយប្រឆាំងយ៉ាងដាច់អហង្ការចំពោះសហរដ្ឋអាម៉េរិកដែលលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយជំហរនេះគឺស្របគ្នា និងមិនច្បាស់លាស់។
គួររម្លឹកថាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចាកចេញពីសហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ហើយត្រូវបានរំពឹងថានឹងមកដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធ ទី១៣ ខែឧសភានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលកម្រិតខ្ពស់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៤ និង ១៥ ខែឧសភា។ មេដឹកនាំនៃមហាអំណាចទាំងពីរគ្រោងនឹងពិភាក្សាលើរបៀបវារៈសំខាន់ៗ និងក្តៅគគុកជាច្រើន រួមមាន៖ វិបត្តិជម្លោះនៅប្រទេសអ៊ីរ៉ង់ បញ្ហាសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងយន្តការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងការពង្រីកកិច្ចព្រមព្រៀងលើវិស័យធនធានរ៉ែសំខាន់ៗជាដើម៕ Check b @Sombor