ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ១២ ឧសភានេះ បានចេញសាររំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហា សមុទ្រ ហើយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ជាសាររំលឹក ធ្វើឡើងក្រោយពីថៃ បង្ហាញសញ្ញា ក្រឡេចក្រឡុចហាក់មិនចង់ប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា ក្រោយថៃខ្លួនឯង សម្រេចលុបចោល MOU2001 ដោយឯកតោភាគី។
សម្តេច ហ៊ុន សែន បានចាត់ទុកការទាមទារឱ្យមានការចរចាទ្វេភាគី លើបញ្ហាសមុទ្រ ពីភាគីថៃ គឺវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MOU2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។
ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្តេចប្រមុខរដ្ឋស្តីទី បានរំលឹកជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជា កុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រ ហើយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។សម្តេចបានរំលឹកសារចាស់របស់សម្តេច ឡើងវិញថា " យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ"។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ៥ ឧសភា បានប្រកាសដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ ភ្លាមៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ៕