681 ezgif.com resize
Swift cc time

រដ្ឋសភាជាតិសម្រេចអនុម័តជាផ្លូវការ សេចក្តីព្រាងច្បាប់«កាតព្វកិច្ចយោធា»ដោយសំឡេងគាំទ្រទាំងស្រុង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម័យប្រជំុរដ្ឋសភា នៅថ្ងៃទី ១២ ឧសភា ២០២៦។

ភ្នំពេញ៖រដ្ឋសភាជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ឧសភានេះ បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដោយសំឡេងគាំទ្រទាំងស្រុង ពោលគឺគាំទ្រ ១១៤ លើ១១៤ សំឡេង។ក្រោយសម្រេចអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ ពិភាក្សា និងអនុម័តបន្ត។

សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

តាមផែនការ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។

រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

Khcct banner

អត្ថបទទាក់ទង