681 ezgif.com resize
Swift cc time

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃជំនួបក្រុមអ្នកជំនួញធំៗជា«ជនជាតិចិនទៀជីវ»ជុំវិញពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នៅថ្ងៃទី៩ ឧសភា បានកោះប្រជុំមួយជាមួយថ្នាក់ដឹកនាំសមាគម សហគ្រិន និង អ្នកពាក់ព័ន្ធជាង ១០០នាក់ ដើម្បីត្រៀមទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគធំៗដែលនឹងធ្វើដំណើរមកកម្ពុជា។

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង នៃ“សន្និសីទពាណិជ្ជករ ជនជាតិចិនទៀជីវ ពិភពលោក លើកទី១១” ដែលនឹងក្លាយជាទីតាំង នៃការជួបជុំគ្នារបស់ក្រុមអ្នកជំនួញធំៗ នៅទូទាំងពិភពលោក ។ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏សំខាន់របស់ប្រទេសកម្ពុជា ដើម្បីជួយទាក់ទាញការវិនិយោគថ្មីៗ និងជាពិសេស ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ឱ្យកាន់តែរីកចម្រើន។

ក្រុមអ្នកជំនួញ ជនជាតិចិនទៀជីវ ត្រូវបានគេស្គាល់ថា គឺជាក្រុមអ្នកមានច្រើនជាងគេ នៅលើពិភពលោក ហើយកំពុងបោះការវិនិយោគរកស៊ីលើវិស័យជាច្រើន។ក្រុមអ្នកវិនិយោគធំៗទាំងអស់នេះ បានបង្កើតនូវសន្និសីទមួយដែលមានឈ្មោះថា «សន្និសីទពាណិជ្ជករ ជនជាតិចិនទៀជីវ ពិភពលោក» រៀបចំឡើងរយៈពេល២ឆ្នាំម្តង ហើយនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ទទួលបានឱកាសក្លាយជាម្ចាស់ផ្ទះជាលើកដំបូង។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នៅថ្ងៃទី៩ ឧសភា បានកោះប្រជុំមួយជាមួយថ្នាក់ដឹកនាំសមាគម សហគ្រិន និង អ្នកពាក់ព័ន្ធជាង ១០០នាក់ ដើម្បីត្រៀមទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគធំៗដែលនឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសន្និសីទពាណិជ្ជករនេះ។សម្រាប់លោកអ្នកឧកញ៉ា “សន្និសីទពាណិជ្ជករ ជនជាតិចិនទៀជីវ ពិភពលោក លើកទី១១” គ្រោងនឹងរៀបចំឡើង ក្នុងខែមិថុនា និង ខែធ្នូ ឆ្នាំ២០២៦នេះ។

បើតាមលោកអ្នកឧកញ៉ា បានថ្លែងចាត់ទុកការទទួលបានធ្វើជាម្ចាស់ផ្ទះនេះ គឺជាមោទនភាពដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ហើយជាឱកាសឱ្យគណៈប្រតិភូអ្នកជំនួញ ជនជាតិចិនទៀជីវ មេដឹកនាំសមាគម និង សហគ្រិនល្បីៗ អាចស្វែងយល់ អំពីបរិយាកាស វិនិយោគ និង ឱកាសអាជីវកម្មក្នុងប្រទេសកម្ពុជា។ម្យ៉ាងវិញទៀត សន្និសីទនេះ មិនត្រឹមតែជួយពង្រឹងទំនាក់ទំនងរវាង អ្នកជំនួញជនជាតិចិនទៀជីវ ទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយទាក់ទាញការវិនិយោគថ្មីៗ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង បង្ហាញពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិកាន់តែខ្លាំង។

គួរបញ្ជាក់ថា តាមគម្រោង “សន្និសីទពាណិជ្ជករ ជនជាតិចិនទៀជីវ ពិភពលោក លើកទី១១” នឹងចាប់ផ្តើមលើកទី១ ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។ចំណែកលើកទី២ នឹងរៀបចំនៅខែធ្នូ ចុងឆ្នាំ២០២៦ ជាមួយក្តីរំពឹងថា អាចនឹងមានក្រុមអ្នកជំនាញ វិនិយោគ ជនជាតិចិនទៀជីវ មកពីជុំវិញពិភពលោកមកចូលរួម ប្រមាណ១,០០០នាក់៕


Khcct banner

អត្ថបទទាក់ទង