681 ezgif.com resize
Swift cc time

អ្នក​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធចង់ឃើញរដ្ឋបន្ត«យកចិត្តទុកដាក់»លើពួកគេ និងកុំទុកពួកគេចោល

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមតំណាងប្រជាពលរដ្ឋដែលជាអ្នក​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ២៥០ នៅថ្ងៃទី ១១ ឧសភានេះ បានជួបជុំគ្នាប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ”។ក្នុងជំនួបនោះ ពួកគេបានបន្តជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្ត«យកចិត្តទុកដាក់»លើពួកគេ និង កុំទុកពួកគេចោល។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ទិវាអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និង គោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគាត់ចោល”។

គោលនយោបាយគាំពារសង្គម សិទ្ធិការងារ និងសុវត្ថិភាពការងារមានសារៈសំខាន់ណាស់ក្នុងការការពារជីវភាពរស់នៅ និងកាត់បន្ថយហានិភ័យនៃភាពក្រីក្រក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រសាសន៍ថា “យើងត្រូវតែធានាថាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនត្រូវបានទុកចោលក្នុងអន្តរកាលឌីជីថលនេះទេ ហើយសិទ្ធិ សុវត្ថិភាព និងសុខភាពការងាររបស់ពួកគេត្រូវបានការពារពេញលេញស្របទៅតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន។”

បើតាម សុខា ជា អ្នកលក់ដូរតាមដងផ្លូវនៅភ្នំពេញបានលើកឡើងថា “យើងធ្វើការជារៀងរាល់ថ្ងៃដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើង ប៉ុន្តែបើគ្មានការការពារសុខភាពត្រឹមត្រូវទេ ពេលមានគ្រោះថ្នាក់វាអាចបាត់បង់ប្រាក់ចំណូល និងប៉ះពាល់ជីវភាពគ្រួសារទាំងមូល” ។

ចំណែកឯ ដានី ដែលជាអ្នកដឹកជញ្ជូនម្ហូបអាហារ បាននិយាយថា “ប្រព័ន្ធឌីជីថលអាចជួយយើងចុះឈ្មោះ និងទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ប៉ុន្តែពួកយើងភាគច្រើនមិនចេះពីរបៀបប្រើប្រាស់វាទេ ហើយក្រុមហ៊ុនដឹកជញ្ជូនដែលយើងធ្វើការឲ្យក៏មិនបានគិតគូរក្នុងការផ្តល់កិច្ចគាំពារសង្គមដល់ពួកយើងដូចមានចែងក្នុងគោលនយោបាយជាតិសំខាន់ៗនេះផងដែរ។ យើងត្រូវការការបណ្តុះបណ្តាល និងការគាំទ្របន្ថែមដើម្បីអាចតាមទាន់ការផ្លាស់ប្តូរនេះ។”


Khcct banner

អត្ថបទទាក់ទង