ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែទូលំទលាយ និងមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅនៅការិយាល័យសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រោមវត្តមាន អ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា គណៈប្រតិភូសមាគម លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈប្រតិភូ។
ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ចាប់តាំងពីច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រូវបានអនុម័តនៅខែកក្កដា ឆ្នាំ២០០៩ និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១០ រហូតមកដល់ពេលនេះ ការចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជិការរបស់ក្រុមហ៊ុនវិស័យឯកជនស្របតាមច្បាប់ខាងលើនៅមានកម្រិតនៅឡើយ។ ក្រសួង ខិតខំជំរុញដល់វិស័យឯកជន ឱ្យជួយផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តច្បាប់ ឱ្យបានច្រើន ពិសេសជួយជ្រើសរើសជនមានពិការភាពចូលបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស ស្របតាមជំនាញ សមត្ថភាព និងលទ្ធភាពរបស់ជនមានពិការភាព គឺជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជាដើម។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា ទី គឹមស្រ៊ាន គាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមជួយផ្សព្វផ្សាយ និងអនុវត្តច្បាប់នេះ ដល់សមាជិកសមាគម តាមមធ្យោបាយនានា ក្នុងនោះការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬបញ្ចូលកម្មវិធីនេះទៅក្នុងវេទិកាធុរកិច្ចណាមួយជាដើម។ លើសពីនេះ អ្នកឧកញ៉ាក៏បានសំណូមពរឱ្យក្រសួងជួយសម្របសម្រួលផ្ដល់ជាព័ត៌មានពីជនមានពិការភាពដែលមានសមត្ថភាពឱ្យបានទូលំទូលាយជាសាធារណៈ ឬ ជួយធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួល (នីតិវិធីសាមញ្ញ)ដល់វិស័យឯកជនក្នុងការទទួល និងការជ្រើសរើសជនមានពិការភាពមកធ្វើជាបុគ្គលិកទៅតាមជំនាញ បទពិសោធ និងសេចក្តីត្រូវការរបស់និយោជក៕