681 ezgif.com resize
Swift cc time

គុណធម៌ និងប្រពៃណីគ្រួសារ ជាគ្រឹះដ៏រឹងមាំរុញច្រាន លោក ស៊ី ក្លាយជាមេដឹកនាំឆ្នើមចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ការកើតក្នុងពេលគ្រួសារបដិវត្តន៍ មាន វិន័យតឹងរ៉ឹង និង ការផ្តល់តម្លៃខ្ពស់លើការអប់រំ បានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ លោក ស៊ី ជិនភីង ក្នុងការកសាងសមត្ថភាពដឹកនាំ។ គុណធម៌ និង ប្រពៃណីគ្រួសារទាំងនេះហើយ ជាកម្លាំងចលករដ៏សំខាន់ រុញច្រានរូបលោកឱ្យក្លាយជាមេដឹកនាំដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសចិន ឆ្ពោះទៅរកភាពរុងរឿងនាពេលបច្ចុប្បន្ន។

ភស្តុតាងដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់មាតាចំពោះរូបលោក ស៊ី គឺ «កាបូបដេរប៉ាក់តូចមួយ» បច្ចុប្បន្នត្រូវបានតម្កល់ទុកក្នុងសារមន្ទីរគណបក្សកុម្មុយនីស្តចិន។ កាបូបនេះ ត្រូវបានអ្នកស្រី ឈី ស៊ីន (Qi Xin) ជាមាតា ដេរជូនលោកដោយផ្ទាល់ដៃ រួមជាមួយអក្សរប៉ាក់ពណ៌ក្រហមថា «បេះដូងមាតា» ក្នុងកំឡុងឆ្នាំ ១៩៦៩ នៅពេលលោកមានវ័យ ១៥ ឆ្នាំ ហើយត្រូវបានបញ្ជូនឱ្យទៅបំពេញការងារជា «យុវជនបញ្ញវន្ត» នៅភូមិដាច់ស្រយាល លាងជាហឺ (Liangjiahe) ខេត្តសានស៊ី។

ជាកាដូដ៏សាមញ្ញ តែបានបង្កប់នូវអត្ថន័យជ្រាលជ្រៅ បានក្លាយជាអាវុធផ្លូវចិត្តដ៏រឹងមាំ ជួយឱ្យលោកជម្នះរាល់ឧបសគ្គ និង ការលំបាកក្នុងជីវភាពរស់នៅជាមួយកសិករអស់រយៈពេល ៧ ឆ្នាំ។ បទពិសោធន៍នៃការធ្វើការងារកសិកម្មធ្ងន់ៗ និង ការរស់នៅផ្ទាល់ជាមួយប្រជាជននេះហើយ បានបណ្តុះនូវទស្សនវិជ្ជា «ការស្វែងរកការពិតពីការអនុវត្ត» និង ធ្វើឱ្យលោកយល់ដឹងកាន់តែច្បាស់អំពីសុខទុក្ខ និង តម្រូវការជាក់ស្តែងរបស់មហាជន។

ក្រៅពីការតស៊ូក្នុងវ័យក្មេង ទំនាក់ទំនងរវាងលោក ស៊ី និងមាតា ក៏ជាគំរូនៃភាពស្មោះត្រង់ចំពោះជាតិ។ ទោះបីជាភារកិច្ចរដ្ឋបាលដ៏មមាញឹក បង្ខំឱ្យលោកត្រូវខកខានការជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនក៏ដោយ ក៏មាតារបស់លោកតែងតែរំលឹក និង ផ្តល់កម្លាំងចិត្តថា៖ «ការបំពេញភារកិច្ចជូនជាតិឱ្យបានល្អ គឺជាការតបស្នងសងគុណដ៏ធំបំផុតចំពោះមាតាបិតា»។

ទស្សនៈគ្រួសារនិយម និង គុណធម៌ដ៏វិសេសវិសាលទាំងនេះ ត្រូវបានលោក ស៊ី ជិនភីង បញ្ជ្រាបចូលយ៉ាងជ្រៅទៅក្នុងគោលនយោបាយអភិបាលកិច្ចដឹកនាំរដ្ឋ។ លោកស៊ី ជឿជាក់យ៉ាងមុតមាំថា «គ្រួសារមិនត្រឹមតែជាជម្រកនៃរូបកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្ទះនៃដួងព្រលឹង។ ប្រទេសជាតិមួយអាចរឹងមាំទៅបាន លុះត្រាតែគ្រួសារនីមួយៗមានភាពសុខដុមរមនា»។

បច្ចុប្បន្ន លោក ស៊ី ជិនភីង គឺជាមេដឹកនាំកំពូលរបស់ចិន បានបន្សល់ទុកនូវសមិទ្ធផលជាច្រើន តាមរយៈការអនុវត្តចក្ខុវិស័យផ្តើមចេញពី សីលធម៌គ្រួសារ ឆ្ពោះទៅរកការកសាងជាតិដ៏មានស្ថិរភាព និង វិបុលភាពយូរអង្វែង។ ក្រោមការដឹកនាំរបស់លោក ប្រទេសចិន បានសម្រេចនូវគោលដៅសតវត្សរ៍ទីមួយ គឺការលុបបំបាត់ភាពក្រីក្រខ្លាំង និង ការកសាងសង្គមមួយមានវិបុលភាពកម្រិតមធ្យមគ្រប់ជ្រុងជ្រោយ។

ទន្ទឹមនឹងនេះ លោកក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាសកល ដូចជា «ខ្សែក្រវាត់ និង ផ្លូវ» និង ការជំរុញសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលឆ្លុះបញ្ចាំងពីទស្សនទាន «ពិភពលោកតែមួយ គ្រួសារតែមួយ»។ ជោគជ័យទាំងអស់នេះ មិនត្រឹមតែជាមោទនភាពសម្រាប់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃអំណាចនៃគុណធម៌ដែលលោកបានប្រកាន់ខ្ជាប់តាំងពីកុមារភាពមកផងដែរ៕


Khcct banner

អត្ថបទទាក់ទង