ភ្នំពេញ៖ យោងតាមក្រសួងទេសចរណ៍កម្ពុជា គូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ នឹងរៀបចំឡើងក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
បើតាមក្រសួងពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសរៀបចំ តាំងពីឆ្នាំ២០១២ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ នៃឆ្នេរសមុទ្រកម្ពុជា។ រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រ ជារៀងរាល់ឆ្នាំ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិក នៃក្លឹបឆ្នេរសមុទ្រ ដ៏ស្អាតជាងគេបំផុតនៅលើសកលលោក៕