681 ezgif.com resize
Swift cc time

កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាជំរុញការពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន ស្ពានព្រំដែន និងតភ្ជាប់បណ្តាញអគ្គិសនីរួមគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ប្រមុខថ្នាក់ដឹកនាំ កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាជំរុញការពន្លឿនការតភ្ជាប់ផ្លូវល្បឿនលឿន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការតភ្ជាប់ថាមពលអគ្គិសនីរួមគ្នា។ បន្ថែមលើនេះថ្នាក់ដឹកនាំទាំងបី ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ។ ការឯកភាពនេះធ្វើឡើងក្នុងកិច្ចពិភាក្សាក្នុងជំនួបអាហារពេលព្រឹកជាប្រពៃណី ស្របក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នាព្រឹកថ្ងៃទី០៨ឧសភា នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំទាំងបី ក៏បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមសំដៅជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ, សន្តិសុខ និងការពារជាតិ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការវិនិយោគ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ថាមពល និងការតភ្ជាប់ទេសចរណ៍ រួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំងបី។

ក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំងបី។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញ។

ជាមួយប្រទេសឡាវ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា) - ទន្លេសេឡាំផាវ (ឡាវ) ។ ជាមួយប្រទេសវៀតណាម សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តួចផ្តើមឱ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយ:ការប្រើប្រាស់បណ្តាញបញ្ជូនអគ្គីសនីដែលមានស្រាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងបី ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម។

មុននឹងបញ្ចប់ សម្តេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង