ភ្នំពេញ៖ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ៨ ឧសភានេះ បានប្រគល់រង្វាន់ជូនដល់ អ្នកដំណើរ និង អ្នកទៅទស្សនា នៅព្រលានដោយក្នុងនោះមានរង្វាន់ធំ រថយន្ត ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត។ពិធីនេះ រៀបចំឡើងក្រោមវត្តមានរបស់ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ីនវេសមិន ឯ.ក (CAIC)។
លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម ថ្លែងប្រាប់អ្នកសារព័ត៌មានថា សម្រាប់អ្នកដែលមកទស្សនា ឬ អ្នកធ្វើដំណើរ ដែលចំណាយប្រាក់យ៉ាងតិច ៣០ដុល្លារ ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានឱកាសចាប់រង្វាន់មានរង្វាន់ធំ គឺឡាន ផ្ទះល្វែង» និង រង្វាន់ជាច្រើនទៀត។លោកស្រីថា ចំណាយចាប់ពី៣០ដុល្លារឡើងទៅ ហាងនឹងផ្តល់ជាក្រដាស ដើម្បីចាប់រង្វាន់ ដែលតម្រូវបំពេញព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន និង លិខិតឆ្លងដែន ឬ អត្តសញ្ញាណបណ្ណ។
បើតាមលោកស្រី កាំង វួចសៀង ការចាប់រង្វាន់នេះធ្វើឡើងពីរលើក ដោយការចាប់រង្វាន់លើកទី១ គឺធ្វើឡើងអំឡុងពេលចូលឆ្នាំខ្មែរ រួចមកហើយ ចំណែកឯការចាប់រង្វាន់លើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ជាគម្រប់ខួប១ឆ្នាំ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការចាប់រង្វាន់នេះ គឺធ្វើឡើងសម្រាប់អតិថិជនដែលធ្វើដំណើរកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ រង្វាន់មានដូចជា រង្វាន់ធំ ឡាន រង្វាន់ផ្ទះល្វែង និង រង្វាន់បន្ទាប់បន្សំ។ ការចាប់រង្វាន់នេះ បង្កើតឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកដែលមកទស្សនា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ឬអ្នកធ្វើដំណើរហោះហើយ អាចផ្សងសំណាង៕