ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ។
អង្គប្រជុំក៏បានលើកឡើងពីបញ្ហាប្រឈម បញ្ចេញមតិយោបល់ ប្រមូលធាតុចូលលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជានាឆ្នាំ២០២៥ ដើម្បីរួមគ្នាពិភាក្សា ពង្រឹង និងកែសម្រួលចំណុចខ្វះខាត ដោយធ្វើយ៉ាងណាជួយឱ្យអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាងមុនសម្រាប់ឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដែលសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសក្នុងការបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវិស្វកម្ម នៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។
ដើម្បីបង្កើនប្រសិទ្ធភាពការងារ លោក ហេង សួរ បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃសម្រាប់យកទៅអនុវត្ត ជាពិសេសគឺសិក្សាពីមូលហេតុដែលវិស្វករចុះបញ្ជីដំបូងមិនបន្តចុះបញ្ជីជាវិស្វករអាជីព, យកចិត្តទុកដាក់ខ្ពស់ចំពោះវិស្វករដែលបានចុះបញ្ជីរួចហើយដូចជាការផ្តល់ការបណ្តុះបណ្តាលបន្ថែម និងខិតខំបញ្ចុះបញ្ចូលទាក់ទាញឱ្យមានការចុះបញ្ជីវិស្វករកាន់តែច្រើន ព្រមទាំងពិនិត្យមើលលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់វិស្វករដំបូង និងអាជីព។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕