ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ា គួន ធីតា អនុប្រធាននៃសមាគម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមមូលបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ”។
វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ជាវេទិកាកម្រិតខ្ពស់មួយ ត្រូវបានប្រារព្ធធ្វើឡើងក្នុងឆ្នាំដំបូង ក្នុងគោលបំណងបញ្ជ្រាបនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់។
ក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា តួអង្គសំខាន់មិនអាចខ្វះបានសម្រាប់វេទិកាវិនិយោគនាថ្ងៃនេះ គឺវិស័យឯកជន ពោលគឺធុរជន និងវិនិយោគិន ដែលរាជរដ្ឋាភិបាលតែងចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូច្នេះការគិតគូរនិងជំរុញការអភិវឌ្ឍវិស័យឯកជន តែងជាកិច្ចការអាទិភាពមួយក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ថា កម្មវីធីនេះធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា, វិនិយោគិនពីផ្នែកឯកជនជាច្រើនរូប៕