ភ្នំពេញ៖ កម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់ ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ” នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះពេជ្រ។ ថវិកា ដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ នឹងប្រើសម្រាប់ឧបត្ថម្ភគាំទ្រដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សមកពីតាមបណ្តាខេត្តនានា ចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ។
យោងតាមគេហទំព័រ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យអប់រំ ជំរុញទម្លាប់និង វប្បធម៌ក្នុងការអាន ព្រមទាំងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើបដំបូងគេបង្អស់ ក្នុងការផ្តល់ចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រសេដ្ឋកិច្ច រូបិយវត្ថុ និងសង្គមរបស់ប្រទេសកម្ពុជា។
បើតាមប្រភពដដែល ថវិកា ដែលប្រមូលបានពីការចុះឈ្មោះទាំងអស់ នឹងយកទៅឧបត្ថម្ភគាំទ្រ លើការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សមកពីតាមបណ្តាខេត្តនានា ចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ ឆ្នាំ និងឧបត្ថម្ភដល់កម្មវិធីផ្សេងទៀតដែលគាំទ្រការអានផងដែរ៕