បន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រៀមធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនល្មើសដែលជាជនជាតិថៃម្នាក់ផងដែរ។ ដោយឡែក ជនរងគ្រោះជនជាតិថៃ ចំនួន២៨នាក់ (ស្រី១២នាក់) ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ខណៈទីតាំងត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី៕