681 ezgif.com resize
Swift cc time

ព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជារួមគ្នាគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលលើបញ្ហាដោះស្រាយដែនសមុទ្រជាមួយថៃតាមUNCLOS

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពសមាជរដ្ឋសភា ព្រឹទ្ធសភា កាលពីឆ្នាំ២០២៥កន្លងទៅ។

ភ្នំពេញ៖ព្រឹទ្ធសភា និង រដ្ឋសភា នៅថ្ងៃទី ៦ ឧសភានេះ បានចេញនូវសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនជាឯកតោភាគីរបស់ថៃ ចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។

យោងតាមខ្លឹមសារជារួមនៃការប្រកាសរបស់ព្រឹទ្ធសភា និង រដ្ឋសភាកម្ពុជា សុទ្ធតែបានសម្តែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបញ្ចប់ជាឯកតោភាគីរបស់ថៃនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនទសវត្សរ៍ និង ធ្វើឱ្យយឺតយ៉ាវដល់ការ ដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី រវាងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសនោះ បានវាយម្លៃថា អស់រយៈពេលជាង ២៥ ឆ្នាំមកនេះ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ បានបម្រើការ ជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ ដែលត្រូវបានព្រមព្រៀងគ្នាទៅវិញទៅមក ដែលតាមរយៈនោះ កម្ពុជា និង ថៃ បានដោះស្រាយការទាមទារសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និង ក្នុងន័យស្ថាបនា ក្នុងស្មារតីសន្ទនាការគោរពគ្នាទៅវិញទៅមក និង ភាពជាអ្នកជិតខាងល្អ។

ព្រឹទ្ធសភា និង រដ្ឋសភា ជឿជាក់យ៉ាងមុតមាំថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងាកទៅរក យន្តការសន្តិវិធីដែលមានចែងក្នុងអនុសញ្ញា UNCLOS គឺជាទង្វើស្របច្បាប់ពេញលេញ ប្រកបដោយការ ទទួលខុសត្រូវ និងអនុលោមតាមច្បាប់អន្តរជាតិ។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ របស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយ វិវាទដោយសន្តិវិធី៕



Khcct banner

អត្ថបទទាក់ទង