681 ezgif.com resize
Moneygramott moi1280x163px

ព្រឹត្តិការណ៍«ជិះកង់ជុំវិញបឹងទន្លេសាប»ចម្ងាយប្រមាណជាង ១ពាន់គ.ម. ជាចម្ងាយឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា បានទាក់ទាញកីឡាករអន្តរជាតិចំនួន ៧ប្រទេសចូលរួម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា នាថ្ងៃទី៥ ឧសភា បានជួបជាមួយប្រតិភូកីឡាករជាតិ និងអន្តរជាតិ ផ្តល់កិត្តិយសបំពាក់មេដាយជូនប្រតិភូកីឡាករជាតិ និងអន្តរជាតិ ជិះកង់ចម្ងាយឆ្ងាយ ១,២១២គ.ម. ដែលទទួលបានមេដាយ និងជាប់ក្នុងកំណត់ត្រាអ្នកជិះកង់ពិភពលោក “World Audax Record”។ កម្មវិធីនេះ បានជួយលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍ ខណៈបានទាក់ទាញកីឡាករអន្តរជាតិចំនួន ៧ប្រទេសចូលរួម។

ថ្លែងក្នុងឱកាសនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នេះគឺជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានការរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយឆ្ងាយបំផុតបែបស្តង់ដាបច្ចេកទេសអន្តរជាតិ និងមិនធ្លាប់មានក្នុងកំណត់ត្រានៃការជិះកង់តាមរបៀបនៃការតស៊ូអត់ធ្មត់ (Endurance) នៅកម្ពុជា។

ព្រឹត្តិការណ៍នេះ បានជ្រើសរើសកីឡាករដែលមានសមត្ថភាពជិះកង់រហូតដល់ចម្ងាយ ១,២១២គ.ម. ដោយប្រើថិរវេលា ៩០ម៉ោង ហើយដែលមានអ្នកចុះឈ្មោះជិះកង់ប្រមាណ ១០០នាក់ ក្នុងនោះមានកីឡាករអន្តរជាតិចំនួន ៧ប្រទេសចូលរួម មានដូចជា៖ កាណាដាចំនួន ១នាក់ អាល្លឺម៉ង់ចំនួន ១នាក់ ឥណ្ឌាចំនួន ២នាក់ រុស្ស៊ីចំនួន ២នាក់ អាហ្រ្វិកខាងត្បូងចំនួន ១នាក់ ជប៉ុនចំនួន ១នាក់ និងម៉ាឡេស៊ីចំនួន ២នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដែលរៀបចំនៅកម្ពុជាលើកនេះ មានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យឈានដល់កម្រិតស្តង់ដាអន្តរជាតិ ដោយផ្សារភ្ជាប់នឹងទេសចរណ៍ ហើយជាព្រឹត្តិការណ៍ទី១ (ចាប់ផ្តើមកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីពិធីប្រកាសបើកជាផ្លូវការ «យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» ដែលមិនត្រឹមចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងរដូវកាលបៃតងប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាពលរដ្ឋ និងក្រុមអ្នកជិះកង់ជាតិ-អន្តរជាតិ តាមរយៈការចូលរួមរបស់ក្រុមអ្នកជិះកង់នៅតាមបណ្តារាជធានី ខេត្តនីមួយៗ៕

Khcct banner

អត្ថបទទាក់ទង