ភ្នំពេញ៖ ភោជនីយដ្ឋាន យុី សាង ដឹហ្គាឌិន ទួលគោក ( Yi Sang ) នាថ្ងៃទី៥ ឧសភា ២០២៦ បានដាក់សម្ពោធជាផ្លូវការនូវមុខមីនុយថ្មីបែបមរតកដើម កាតាំង (Culinary Heritage Cantonese Menu) ដែលជាទីពេញនិយមសម្រាប់ពលរដ្ឋខ្មែរ និងការការបង្ហាញនូវសិល្បៈនៃរសជាតិ ដែលរួមបញ្ចូលគ្នានូវប្រវត្តិសាស្ត្រដ៏យូរលង់របស់ យុី សាង ជាមួយនឹងភាពច្នៃប្រឌិតដ៏រស់រវើកលើមុខម្ហូបចិនកាតាំង សម្រាប់ពេលអនាគត។
កំឡុងពេលនោះ លោក លូ ម៉េង (Luu Meng) សហស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Almond Hospitality បានចែករំលែកថា៖ "យើងបានធ្វើការបន្ស៊ីគ្នារវាងមុខម្ហូបដែលជាទីពេញចិត្តបំផុតរបស់ភ្ញៀវយើង ជាមួយនឹងមុខម្ហូបថ្មីៗដ៏មានភាពច្នៃប្រឌិត ដែលត្រូវបានរៀបចំឡើងយ៉ាងជំនាញដោយមេចុងភៅជនជាតិចិន និងខ្មែររបស់យើង។ បេសកកម្មរបស់យើងនៅតែបន្តផ្តោតសំខាន់លើការប្រើប្រាស់កសិផលក្នុងស្រុករបស់កម្ពុជា ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការទទួលទានអាហារដ៏មានភាពច្នៃប្រឌិត រួមជាមួយសេវាកម្មដ៏ល្អឥតខ្ចោះដែលជាអត្តសញ្ញាណរបស់យើង។"
លោកឧកញ៉ា Datuk Phan Ying Tong តែងតែណែនាំអតិថិជន និងដៃគូអាជីវកម្មសំខាន់ៗមកកាន់ភោជនីយដ្ឋាន យី សាង ដែលធ្វើឱ្យទីនេះក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការជួបជុំបែបធុរកិច្ច។ ការគាំទ្រជាបន្តបន្ទាប់របស់លោក រួមជាមួយការចូលរួមយ៉ាងសកម្មពីធនាគារ Oriental Bank ក្នុងព្រឹត្តិការណ៍សំខាន់ៗនៅភោជនីយដ្ឋាន បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការលើកកម្ពស់របៀបរស់នៅកម្រិតខ្ពស់ និងបទពិសោធន៍អាជីវកម្ម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Mastercard Cambodia ក៏បានចូលរួមចំណែកក្នុងរាត្រីនេះ ដោយផ្តល់ជូននូវឯកសិទ្ធិ និងរង្វាន់ផ្តាច់មុខ ដែលជួយបង្កើននូវទំនាក់ទំនងជាមួយអតិថិជន និងបទពិសោធន៍ទូទៅរបស់ភ្ញៀវកិត្តិយសផងដែរ។
ក្រុមហ៊ុន Chhivtimex Group បានផ្គត់ផ្គង់ និងផ្តល់នូវជម្រើសភេសជ្ជៈដ៏លេចធ្លោក្នុងកម្មវិធីនេះ។ លោកស្រីអគ្គនាយិកា បានមានប្រសាសន៍ថា៖ "ការមើលឃើញពីរបៀបដែលស្រា ប្រណីត និងស្រា Whiskey ដែលជួយលើកកម្ពស់រសជាតិម្ហូបកាតាំង បានសបញ្ជាក់ថា អាហារដ៏មានរសជាតិឆ្ងាញ់ ពិតជាសមនឹងទទួលបានការចាប់គូជាមួយភេសជ្ជៈដ៏វិសេសវិសាល។"
គួរបញ្ជាក់ថា ការដាក់សម្ពោធមុខម្ហូបថ្មីនេះ បានបញ្ជាក់សារជាថ្មីនូវទីតាំងរបស់ភោជនីយដ្ឋាន យី សាង ក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយផ្សារភ្ជាប់នូវបច្ចេកទេសចម្អិនម្ហូបកាតាំងបែបបុរាណ ជាមួយនិងភោគផលកសិកម្មដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា៕