ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ៥ ឧសភានេះ បានប្រកាសសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ការប្រកាសនេះ ធ្វើឡើងក្រោយថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាង២៥ ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
សម្តេច បានសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។