681 ezgif.com resize
Moneygramott moi1280x163px

អគ្គនាយកដ្ឋាន ក.ប.ប. ក្រើនរំលឹកដល់ម្ចាស់សហគ្រាស អាជីវករ ចៀសវាងការនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលផ្ទុកសារធាតុហាមឃាត់ និងគ្មានប្រភពច្បាស់លាស់

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ នៅទូទាំងប្រទេសកម្ពុជា ជៀសវាងនាំចូល ចែកចាយ ផ្គត់ផ្គង់ ផលិតផលទំនិញដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលទំនិញ ជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិនច្បាស់លាស់ ដើម្បីការពារបាននូវសុខុមាលភាពសាធារណៈ។

បើតាមសេចក្ដីប្រកាស ដើម្បីធានាបាននូវការធ្វើធុរកិច្ចប្រកបដោយសុចរិត និងការពារបាននូវសុខុមាលភាពសាធារណៈ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចេញនូវសេចក្ដីណែនាំសំខាន់ៗជាច្រើន។ ក្នុងនោះ ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ មិនត្រូវនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ នូវ ផលិតផលទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់ សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ ឬផលិតផលទំនិញជាប់បម្រាមនាំចូល ឬផលិតផលមានប្រភពមិន ច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ជាដាច់ខាត និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ សុវត្ថិភាពផលិតផល ជាពិសេសផលិតផលម្ហូបអាហារ ជាអាទិ៍ លក្ខខណ្ឌទុកដាក់ កត្តាអនាម័យ ការវេចខ្ចប់ ការដឹកជញ្ជូន ការចែកចាយ និងការផ្គត់ផ្គង់។

ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត មិនត្រូវលក់ ចែកចាយ ផលិតផលទំនិញដែលអាចបង្ក គ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមានប្រភពមិនច្បាស់លាស់ ឬផលិតផលមិនមានភាពអនុលោម ព្រមទាំងសុំឱ្យអ្នកផ្គត់ផ្គង់ទំនិញផ្ដល់វិក្កយបត្រសម្រាប់ប្រើប្រាស់ជាឯកសារសម្អាង និងត្រូវសហការជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិតនាំចូល ចែកចាយនូវផលិតផលទាំងនោះ និងការយកសំណាកគំរូមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកមុខសញ្ញ នៃគ្រោះ ជាយថាហេតុ ជាពិសេស ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពផលិតផលសម្រាប់ លក់ជូនអ្នកប្រើប្រាស់។

ដោយឡែកចំពោះអ្នកប្រើប្រាស់ និងសាធារណជន ត្រូវយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន និងជៀសវាង ការទិញផលិតផលដែលសង្ស័យថាមានផ្ទុកសារធាតុគីមីហាមឃាត់ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ឬផលិតផលមិនមានប្រភពច្បាស់លាស់ដែលបាននិងកំពុងលក់ ចែកចាយ ផ្គត់ផ្គង់ ក្នុងទីផ្សារព្រមទាំងរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានវិធានការណ៍តាមនីតិវិធីនៃច្បាប់ជាធរមាន៕

Khcct banner

អត្ថបទទាក់ទង