681 ezgif.com resize
Moneygramott moi1280x163px

សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីប្រកាសបើកជាផ្លូវការ«យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគម នារាត្រីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីប្រកាសបើកជាផ្លូវការ«យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមអធិបតីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ យុទ្ធនាការនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីទាក់ទាញភ្ញៀវទេសចរនារដូវកាលភ្ញៀវតិច (Low Season) ចាប់ពីខែឧសភា ដល់ខែតុលា។

នាឱកាសនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល«Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ លោកបន្តថា រដូវកាលនេះ គឺជារដូវកាលដែលកម្ពុជាបញ្ចេញនូវសម្រស់ពិតប្រាកដរបស់ខ្លួន ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ អេកូទេសចរណ៍ និងការលំហែកាយដើម្បីសុខុមាលភាព។

រដ្ឋមន្រ្តីរូបនេះ បានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការ “ទស្សនាកម្ពុជានៅរដូវកាលបៃតង” មានចក្ខុវិស័យសំខាន់ៗ ចំនួន ៣ គឺ៖១). ការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ២). ជំរុញចលនាទេសចរណ៍ក្នុងស្រុក និង៣). ពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើន ជាពិសេសបំពេញបន្ថែមចរន្តទេសចរក្នុងរដូវកាលបៃតង ពីខែឧសភា ដល់ខែតុលា សំដៅជំរុញកម្ពុជា ឱ្យក្លាយជាគោលដៅទទួលបានកំណើនទេសចរពេញមួយឆ្នាំ (Year Round Destination)។

លោក ហួត ហាក់ មានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋក្រោមម្លប់នៃសុខសន្តិភាពពេញលេញ និងការចង្អុលបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច ហ៊ុន ម៉ាណែត ពិតជានឹងរួមគ្នាប្រែក្លាយរដូវកាលនេះ ឱ្យទៅជា «រដូវកាលមាសពណ៌បៃតង» ដែលពោរពេញទៅដោយភាពរស់រវើក ស្នាមញញឹម ការបង្កើតការងារ និងការស្រូបយកកំណើនសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕


Khcct banner

អត្ថបទទាក់ទង