ភ្នំពេញ៖ត្រឹមតែរយៈពេលប្រមាណ១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបណ្ដេញចេញ«ជនបរទេស»សរុបចំនួន ២,៦៧១នាក់ ស្រី៥៨៥នាក់ មាន ២៩សញ្ជាតិ ភាគច្រើនគឺពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកអន្តោប្រវេសន៍កម្ពុជា។
យោងតាមរបាយការណ៍ ក្នុងចំណោម«ជនបរទេស» ២,៦៧១នាក់មាន ២៩សញ្ជាតិដែលបណ្តេញចេញពីកម្ពុជា រួមមាន ៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អាហ្វ្រិកខាងត្បួង កាមេរូន ហ្គាណា ចិនតៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ចិន ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរីយ៉ា ប៉ានីហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ី។
ក្នុងនោះមានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង ជនជាតិថៃចំនួន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ៕