កំពង់ស្ពឺ៖ រយៈពេល៤ខែដើម ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ចំនួន៣៥គម្រោង។ នេះបេីតាមការលេីកឡេីងរបស់ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយមន្ត្រីកសិកម្មតាមឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់ប្រជាកសិករ ដែលមានផ្ទៃដីបង្កបង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០តោន ដំណាំឧស្សាកម្ម ដូចជាស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្នផល ៤០៤.៨៧៩តោន អំពៅប្រមាណជាង ៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់សែនហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២កន្លែង មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់នាំចេញប្រមាណជាង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។
អភិបាលខេត្តរូបនេះ បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០គម្រោង។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។
បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំងពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គមកិច្ចដទៃទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លានដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។ នេះបេីតាមការបញ្ជាក់របស់លោក ជាម ច័ន្ទសោភ័ណ្ឌ៕