ភ្នំពេញ៖ នារយៈពេលចុងក្រោយនេះ ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានចុះបង្ក្រាបដោយផ្ទាល់ជាច្រើនទីតាំង ខណៈក្មេងទំនើងជាច្រើននៅទូទាំងប្រទេសកម្ពុជា ក៏ត្រូវបោសសម្អាតបានយ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធដែលតែងតែយកចិត្តទុកដាក់ចំពោះសន្តិសុខសង្គម ហើយបានធ្វើឱ្យអ្នកជំនាញក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចយល់ឃើញថាជារឿងល្អសម្រាប់ជំរុញការវិនិយោគ និងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា រយៈពេល៣ខែដើមឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាមានស្ថានភាពល្អប្រសើរ រីកចម្រើន និងបន្តកើនឡើងទាំងការនាំចូល និងនាំចេញ។ ភាពរីកចម្រើនទាំងនេះ គឺដោយសារតែការអំណោយផលពីបរិយាកាសវិនិយោគដែលប្រទេសមួយត្រូវតែមានសន្តិភាព សុវត្ថិភាព ធនធានមនុស្ស ធនធានធម្មជាតិ ហើយជាក់ស្ដែងកម្ពុជាជាប្រទេសមួយដែលមានចំណុចទាំងនេះ ដែលជាតម្រូវការខ្ពស់របស់អ្នកវិនិយោគ។
ក្នុងនាមវិស័យឯកជន អ្នកឧកញ៉ាគាំទ្រយ៉ាងពេញទំហឹងនូវវិធានការណ៍របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលក៏ដូចជាការបង្កើតច្បាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ហើយជាគោលដៅគឺត្រូវរក្សាស្ថានភាពប្រទេសកម្ពុជាឱ្យមានកេរ្តិ៍ឈ្មោះល្អ។ ដូចនេះ ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប Online Scams នេះជារឿងល្អសម្រាប់វិស័យឯកជន ជាពិសេសការបោសសម្អាតក្មេងទំនើងនៅកម្ពុជា ព្រោះក្មេងទំនើងតែងធ្វើឱ្យភូមិ ឃុំ គ្មានសុវត្ថិភាព ដែលរំខានដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយជះឥទ្ធិពលដល់វិនិយោគិនបរទេសដែលចង់មកបណ្ដាក់ទុនវិនយោគនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះបន្ថែមថា៖ «ចំពោះកម្ពុជា ជាប្រទេសមួយដែលមានស្ថិរភាពនយោបាយ សន្តិភាព និងច្បាប់វិនិយោគល្អ តែបើប្រទេសយើងគ្រប់គ្រងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្មេងទំនើអនេះមិនបានទេ វានឹងធ្វើឱ្យឃុំ សង្កាត់ គ្មានសុវត្ថិភាព ដូចនេះយើងមិនអាចទាក់ទាញអ្នកវិនិយោគបានទេ។ ដូចនេះ ខ្ញុំសង្ឃឹមថា ក្រោយមានច្បាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងក្មេងទំនើង នឹងធ្វើឱ្យកម្ពុជាកាន់តែភាពភាពទាក់ទាញ កាន់តែល្អប្រសើរឡើងសម្រាប់គ្រប់វិស័យ។»
ជាមួយគ្នានេះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកស្រីគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការកម្ចាច់ក្មេងទំនើង ព្រោះប្រសិនបើប្រទេសកម្ពុជាសម្បូរទៅដោយក្មេងទំនើង នោះប្រាកដណាស់ថាប្រទេសកម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបានទេ។ ប្រទេសកម្ពុជាត្រូវការធនធានមនុស្សដែលមានសមត្ថភាព សម្រាប់ប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត ជាពិសេសអវត្តមានក្មេងទំនើងក៏ជាកត្តាមួយជួយបង្កបរិយាកាសល្អសម្រាប់ការវិនិយោគ ពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក៕