ភ្នំពេញ៖ អ្នកសារព័ត៌មាននៅកម្ពុជា ៧០,៤% បានអះអាងថា មិនដែលប្រឈមនឹងការគំរាមកំហែង ការយាយី ឬអំពើហិង្សាក្នុងការបំពេញការងារក្នុងឆ្នាំកន្លងទៅទេ ខណៈដែល៨៤,៦% បានអះអាងថា ពុំធ្លាប់ត្រូវបានប្រជាពលរដ្ឋ ឬអាជ្ញាធរប្តឹងផ្តល់ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ខ្លួនឡើយ។ នេះបើតាមលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ បន្តថា ចាប់តាំងពីឆ្នាំ២០២៥ ដល់ ត្រីមាសទី១ ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានជួយសម្របសម្រួល និងការពារអ្នកសារព័ត៌មានដោយបានជួយអន្តរាគមន៍ឱ្យមានការដោះលែង និងនៅក្រៅឃុំដល់អ្នកសារព័ត៌មានសរុប ១៤ នាក់, ផ្សះផ្សាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៣៧ ករណី/បណ្តឹង ពាក់ព័ន្ធ៦៩ នាក់ និងបានផ្តល់ការការពារផ្នែកច្បាប់ក្នុងនីតិវិធីតុលាការចំនួន ៧ ករណី ពាក់ព័ន្ធ១៥ នាក់។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់ និងការធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធក្នុងវិស័យព័ត៌មាន មិនមែនជាការរឹតត្បិតសេរីភាពនោះទេ ប៉ុន្តែបានជួយការពារអ្នកសារព័ត៌មានអាជីពពីការលួចបន្លំ ឬការវាយប្រហារដោយព័ត៌មានក្លែងក្លាយ ជាពិសេសក្នុងសម័យកាលដែលបញ្ញាសិប្បនិម្មិត (AI) កំពុងមានឥទ្ធិពល។ តាមលទ្ធផលការស្ទង់មតិ៩៦,៣% បានគាំទ្រឱ្យពង្រឹងលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីការពារតម្លៃវិជ្ជាជីវៈ និងកសាងទំនុកចិត្តពីសាធារណជន។
ទន្ធឹងនឹងនេះ ក្រសួងព័ត៌មានបន្តប្តេជ្ញាលើកកម្ពស់សន្តិសុខព័ត៌មាន និងពង្រឹងគុណភាព វិជ្ជាជីវៈ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងស្មារតីស្ថាបនា ហ៊ានទទួលស្គាល់ការពិត និងរៀនទទួលយកនូវកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាសម្រេចបាន ជាពិសេសការខិតខំរបស់ក្រសួងព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ដើម្បីជាមូលដ្ឋានគ្រឹះនៃសេរីភាពសារព័ត៌មានក្នុងប្រព័ន្ធនីតិរដ្ឋ៕