ចិន៖ ប្រទេសចិនបានឈានដល់ដំណាក់កាលថ្មីមួយនៃគម្រោងថាមពលស្អាត ដោយបានចាប់ផ្តើមការដំឡើង «កោះនុយក្លេអ៊ែរ» (Nuclear Island) សម្រាប់អង្គភាពទី៥ នៃរោងចក្រអគ្គិសនីនុយក្លេអ៊ែរ Ningde ក្នុងខេត្តហ្វូជៀន (Fujian) កាលពីថ្ងៃអង្គារកន្លងទៅ។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ លោក Chen Shengxue អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិស្វកម្មនៃក្រុមហ៊ុនFujian Ningde បានបញ្ជាក់ថា គម្រោងនេះបានឈានចូលដល់វគ្គដំឡើងគ្រឿងចក្រហើយ បន្ទាប់ពីបានបញ្ចប់ការសាងសង់គ្រោងបច្ចេកទេស និងសំណង់រឹងអស់រយៈពេល ២១ ខែ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។
កោះនុយក្លេអ៊ែរនេះគឺជាបេះដូងនៃរោងចក្រទាំងមូល ដែលផ្ទុកទៅដោយឧបករណ៍បច្ចេកទេសសំខាន់ៗដូចជា ម៉ាស៊ីនប្រតិកម្ម (Reactor), ធុងសម្ពាធ (Pressure Vessel) និងម៉ាស៊ីនបង្កើតចំហាយទឹក ព្រមទាំងបំពង់បង្ហូររាប់ពាន់គីឡូម៉ែត្រ និងបន្ទប់មុខងារពិសេសជិត ២,៥០០ បន្ទប់។
អង្គភាពថ្មីនេះប្រើប្រាស់បច្ចេកវិទ្យា "Hualong One" ដែលជាបច្ចេកវិទ្យានុយក្លេអ៊ែរជំនាន់ទី៣ អភិវឌ្ឍដោយផ្ទាល់ដោយប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពផលិតថាមពលស្អាតនៅតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍។ តាមរយៈការសាងសង់ក្នុងដំណាក់កាលទី២ ដែលរួមមានអង្គភាពទី៥ និងទី៦ ម៉ាស៊ីននីមួយៗនឹងមានសមត្ថភាពផលិតអគ្គិសនីបានជិត ១០ ប៊ីលានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនប្រមាណ ១ លាននាក់។
គួររំលឹកផងដែរថា រោងចក្រ Ningde បានដំណើរការអង្គភាពចំនួន ៤ រួចមកហើយក្នុងដំណាក់កាលទី១ តាំងពីឆ្នាំ២០១៦ ហើយការបន្តពង្រីកនេះគឺជាការបោះជំហានដ៏សំខាន់សម្រាប់វិស័យថាមពលនុយក្លេអ៊ែរក្នុងខេត្តហ្វូជៀន ប្រទេសចិន។