ភ្នំពេញ៖ ក្នុងរយៈពេល២៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០០មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ២៦លើក ដែលសរុបជាថវិកា២.៤៥៥.៥០០ ដុល្លារអាម៉េរិក។នៅក្នុងឆ្នាំទី២៦នេះ ក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ដែលមានលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាល បានបន្តនាំយកថវិកាចំនួន ២០០.០០០ ដុល្លារ (ម្ភៃម៉ឺនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និង លោកជំទាវដែលបានឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនកាណាឌីយ៉ា គ្រុប លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យក្រុមហ៊ុន និង សប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា៕