ភ្នំពេញ៖ សិង្ហបុរី បង្ហាញការគាំទ្រយ៉ាងសកម្មដល់«គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍ» ប្រកបដោយចីរភាពនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា បានលើកឡើងពីគម្រោងពង្រឹង កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើការងារគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រវាងប្រទេសទាំងពីរ កម្ពុជានិងសិង្ហបុរី។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានអនុវត្ត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញសកម្មភាពលើភាពស្អាត ភាពបៃតង និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីគម្រោងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដែលរួមមាន ការគ្រប់គ្រងសំណល់ ការទប់ស្កាត់ការបំពុលទឹក និងខ្យល់សាធារណៈ ក្នុងការជំរុញសកម្មភាពឆ្ពោះទៅភាពស្អាត ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រមូលទុកដាក់ និងគ្រងសំរាមនិងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានជំរុញកិច្ចសហប្រតិបត្តិការលើការងារទីផ្សារកាបូន រួមទាំងសកម្មភាពកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីការពារនិងអភិរក្សាបរិស្ថាននិងធនធានធម្មជាតិរបស់កម្ពុជា។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបង្ហាញការគាំទ្ររបស់ប្រទេស សិង្ហបុរី ដើម្បីពិនិត្យ និងដោះស្រាយលើបញ្ហាបរិស្ថាន រួមទាំងការគ្រប់គ្រងគុណភាពទឹកទន្លេមេគង្គ៕