កោះកុង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីបានប្រទះឃើញភ្ញៀវទេសចរមួយចំនួនបានដកហូតនូវផ្កាថ្ម ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានអំពាវនាវឱ្យភ្ញៀវទេសចរទាំងអស់ចូលរួមថែរក្សាឱ្យបានគង់វង្ស គាំទ្រការពារជីវសមុទ្ររបស់យើងទាំងអស់គ្នា ដើម្បីថែរក្សាធនធានធម្មជាតិដ៏កម្រនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការរូបនេះ និងអាជ្ញាធរមូលដ្ឋាននៃឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានប្រទះឃើញភ្ញៀវទេសចរមួយចំនួនបានដកហូតនូវផ្កាថ្ម ពីប្រជុំក្កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង យកឡើងមកលើគោក ដើម្បីទុកធ្វើជាវត្ថុអនុស្សាវរីយ៍។
សូមជម្រាបថា ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕