ភ្នំពេញ៖«ព្រះសង្ឃសៅលីង»១៦អង្គនៃប្រទេសចិន នៅថ្ងៃទី ២៧ មេសាម្សិលមិញ បាននិមន្តមកដល់ប្រទេសកម្ពុជាជាថ្មី ដើម្បីមកសម្តែងក្បាច់គុនចិន ក្នុងព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។វត្តមានជាថ្មីនៃ«ព្រះសង្ឃសៅលីង»នេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រសួងទេសចរណ៍កម្ពុជា។
យោងតាមក្រសួងទេសចរណ៍ ប្រតិភូព្រះសង្ឃវត្តសៅលីងចំនួន ១៦អង្គ បាននិមន្តមកដល់ទឹកដីអច្ឆរិយៈកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និង ប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និង ថៃជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី។
គួរជម្រាបថា នេះជាលើកទី២ហើយ ដែលកម្ពុជា និងចិន រៀបចំការសម្តែងក្បាច់គុននេះ។ កម្មវិធីលើកទី១ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាបរិវេណខាងជើងប្រាសាទបាយ័ន ដែលមានការសម្តែងក្បាច់គុនល្បុកតោខ្មែរ និងក្បាច់គុនសាវលីញ ដ៏ល្បីរបស់ប្រទេសចិន៕