ភ្នំពេញ៖ មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមេសា បានចុះអន្តរាគមន៍ដោះស្រាយភ្លាមៗ ករណីក្រុមហ៊ុន អឹមអិល អ៊ិនធីមេត អឹភែរឹល (ខេមបូឌា) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរនាង ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលបានប្រកាសបិទដំណើរការផលិតកម្មទាំងមូល ក្រោយកម្មករទៅចូលឆ្នាំខ្មែរ។
យោងតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ តាមរយៈកិច្ចចរចានេះ ភាគីក្រុមហ៊ុនបានព្រមព្រៀងទូទាត់ប្រាក់ ជូនកម្មករនូវប្រាក់ឈ្នួលលើកទី១៖ បើកជូននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ ប្រាក់ឈ្នួលលើកទី២ និង អត្ថប្រយោជន៍ផ្សេងៗ រួមមានប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ក្រោយរំលាយកិច្ចសន្យា នឹងត្រូវទូទាត់ក្នុងរយៈពេល ៣ខែបន្ទាប់។
បើតាមលោក ស៊ុន មេសា អត្ថប្រយោជន៍របស់កម្មករនិយោជិតមិនត្រូវបានផាត់ចោលឡើយ ដោយក្រសួងបានដាក់លើតុជជែកជាអាទិភាពបំផុត។ បន្ទាប់ពីទទួលបានការពន្យល់ និងដំណោះស្រាយនេះ កម្មករនិយោជិតបានយល់ព្រម និងចាប់ផ្ដើមរំសាយការជួបជុំត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនកម្មករដែលមានបំណងចង់រកការងារទាក់ទងប្រព័ន្ធ Hotline ១២៩៧ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ៕