681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អរគុណអាជ្ញាធរភ្នំពេញ ជួយដោះស្រាយភ្លាមៗជូនទេសចរជប៉ុន ដែលរងគ្រោះដោយម៉ាស្សាលួចលុយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ មេសានេះ បានអរគុណ ឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចុះចាត់ការ និងដោះស្រាយភ្លាមៗ ជូនភ្ញៀវទេសចរជប៉ុនពីរនាក់ប្តីប្រពន្ធ ក្រោយបុគ្គលិកស្រីម៉ាស្សាលួចយកលុយ ចំនួន ២០,០០០យ៉េន ស្មើនឹង ១២៥ដុល្លារអាម៉េរិក បានប្រគល់ជូនជនរងគ្រោះវិញ។

លោក ហួត ហាក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យស្រាវជ្រាវពីបណ្តឹងរបស់ភ្ញៀវទេសចរជប៉ុនពីរនាក់ប្ដីប្រពន្ធ ដែលបានមកកម្សាន្ត នៅរាជធានីភ្នំពេញ និងបានប្រើប្រាស់សេវាកម្មម៉ាស្សានៅហាងមួយកន្លែង ពុំទាន់បានលើកផ្លាកឈ្មោះ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ តាមរយៈរបាយការណ៍ពីកម្លាំងសមត្ថកិច្ច ភ្ញៀវទេសចរជប៉ុនទាំងពីរនាក់ប្តីប្រពន្ធ បានបាត់លុយ ចំនួន២០,០០០យ៉េន ស្មើនឹង ១២៥ដុល្លារអាម៉េរិកតែប៉ុណ្ណោះ គឺពុំបានអស់ដល់២,០០០ដុល្លារអាម៉េរិក ដូចតាមព័ត៌មានបឋមដែលបានចុះផ្សាយកន្លងមកនោះទេ។

តាមរយៈចំណាត់ការដ៏ម៉ឺងម៉ាត់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង អភិបាលរាជធានីភ្នំពេញ ហាងម៉ាស្សាខាងលើ ត្រូវបានបញ្ជាបិទជាបណ្តោះអាសន្ន ដោយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរកម្ចាស់អាជីវកម្មដែលបានរត់គេចខ្លួន យកមកផ្តន្ទាទោសចំពោះមុខច្បាប់ និងជាគម្រូអំពីការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាសារដ៏មុតស្រួច និងជាក់ច្បាស់ៗ ថា "ក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរដែនដី នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើប្រតិបត្តិករទេសចរណ៍ណាដែលមិនបានបំពេញសេវាកម្មស្តង់ដារ ឬ ល្មើសនឹងច្បាប់ស្តីពីទេសចរណ៍ ព្រមទាំងច្បាប់ផ្សេងៗ ដែលមានជាធរមាន"៕


Khcct banner

អត្ថបទទាក់ទង