681 ezgif.com resize
Moneygramott moi1280x163px

អធិការរងស្រុកស្ទឹងត្រង់ រងរបួសធ្ងន់ដោយក្មេងទំនើងវាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមរំលែកការឈឺចាប់ និងប្តេជ្ញាដាក់ទោសជនពាក់ព័ន្ធដោយគ្មានការលើកលែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត 

កំពង់ចាម៖ អធិការរង នៃអធិដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមម្នាក់ គឺលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម ក្រោយរូបលោកត្រូវបានក្រុមក្មេងទំនើងមួយក្រុមព្រួតវាយតប់ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរមួយ រៀបចំដោយទូរទស្សន៍ Town កាលពីថ្ងៃទី ២៤ មេសា កន្លងទៅ។លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារសូមចូលរួមរំលែកការឈឺចាប់ និងប្តេជ្ញាចាប់ខ្លួនជនពាក់ព័ន្ធ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង។

លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវក្មេងស្ទាវ ចាក់នឹងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត និង បញ្ជូនបន្តទៅវៀតណាម។ហេតុការណ៍នេះ កើតឡើងក្នុងពេលលោកដឹកនាំកម្លាំងនគរបាលចុះអន្តរាគមន៍ទប់ស្កាត់ក្រុមក្មេងស្ទាវវាយគ្នា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរមួយ ដែលរៀបចំដោយទូរទស្សន៍ Town។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានក្ដីសង្វេគយ៉ាងពន់ពេក ចំពោះហេតុការណ៍នេះ និងសូមចូលរួមរំលែកការឈឺចាប់ជាមួយក្រុមគ្រួសាររបស់លោក និងបានបួងសួង ឱ្យលោកបានឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ ដើម្បីឆាប់បានជាសះស្បើយពីមុខរបួស និងការឈឺចាប់។នេះបើយោងតាមលោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា។

ជាមួយគ្នានោះ លោក បានដាក់បទបញ្ជាធ្ងន់ៗថា ក្រុមជនបង្ក និងអ្នកពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និង អ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនរួចមកហើយ៕

Khcct banner

អត្ថបទទាក់ទង