ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ខណៈរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្ដែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។
បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្លុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត ជាដើម។
ប្រភពទុនវិនិយោគសំខាន់ៗមានដូចជា៖ ចិន កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី កោះBritish Virgin សហរដ្ឋអាម៉េរិក អេមីតអារ៉ាប់រួម សឺស្ហែល កោះ Samoa សាធារណរដ្ឋកូរ៉េ៕