Img 1426
Swift cc time

សម្តេច ហ៊ុន សែន រំលឹកឱ្យមន្ត្រីមូលដ្ឋាន«បម្រើពលរដ្ឋ»ឱ្យស្មោះត្រង់ ខំបន្ត អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសបង្ក្រាប Online Scams

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយមន្ត្រីមូលដ្ឋាននៅខេត្តត្បូងឃ្មុំ ថ្ងៃទី ២៦ មេសា ២០២៦។

ត្បូងឃ្មុំ៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកជាថ្មីដល់មន្ត្រីនៅតាមមូលដ្ឋានដែលទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងត្រូវខិតខំបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស បង្ក្រាបOnline Scams។ការថ្លែងរំលឹកជាថ្មីនេះ ធ្វើឡើងក្នុងពេលសម្តេចផ្តើមចុះបេសកកម្មតាមខេត្តឡើងវិញ ចាប់ពីថ្ងៃទី ២៥ មេសា ដោយចាប់ពីខេត្តកំពង់ចាម និង ត្បូងឃ្មុំមុនគេ។

ក្នុងជំនួបជាមួយមន្ត្រីមូលដ្ឋានខាងលើ សម្តេច ហ៊ុន សែន អញ្ជើញ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និង ប្រជាជនអោយបានល្អប្រសើរ បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេច បានរំលឹកដល់មន្រ្តីត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញScam Online។សម្តេច ហ៊ុន សែន បានរំលឹកសារឡើងវិញថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

ក្រៅពីការងារបម្រើពលរដ្ឋ សម្តេចប្រមុខរដ្ឋស្តីទី ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន គាំទ្រដល់ការប្រមូលចំណូល ទាំងផ្នែកពន្ធគយ និងពន្ធដា ចូលរួម ថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និង មានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ។

 

Khcct banner

អត្ថបទទាក់ទង