681 ezgif.com resize
Moneygramott moi1280x163px

The Wall Street Journa ទទួលយកការតវ៉ារបស់ក្រសួងព័ត៌មានកម្ពុជា និងបានចុះផ្សាយលិខិតតវ៉ា ក្រោយប្រើពាក្យ “Scambodia”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កាសែត The Wall Street Journal (WSJ) អាម៉េរិក បានទទួលយកការតវ៉ារបស់ក្រសួងព័ត៌មានកម្ពុជាដែលទាមទារឱ្យកាសែតអាម៉េរិកមួយនេះ លុបពាក្យ “Scambodia”ដែលមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ។ក្រៅពីការទទួលយក កាសែតនេះ បានចុះផ្សាយពីលិខិតតវ៉ារបស់ក្រសួងដែលបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី ២១ មេសា កន្លងទៅបានចេញលិខិតតវ៉ាជាផ្លូវការបញ្ជូនទៅកាន់កាសែត The Wall Street Journal (WSJ)របស់អាម៉េរិក ក្រោយកាសែតមួយនេះ បានប្រើប្រាស់ពាក្យ “Scambodia” ដែលមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ ក្នុងនាមជាសារព័ត៌មានអន្តរជាតិ។

ក្រោយទទួលបានលិខិតតវ៉ា កាសែត The Wall Street Journal (WSJ) បានទទួលយកលិខិតតវ៉ារបស់ក្រសួងព័ត៌មានកម្ពុជា ហើយនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ កាសែតនេះ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ស្ថាប័ននេះ។

ក្នុងលិខិតនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទូន្មានកាសែត The Wall Street Journal (WSJ) ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និង មានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និង ប្រជាជនកម្ពុជា។សម្រាប់លោក នេត្រ ភក្ត្រាជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។

តាមរយៈអត្ថបទទស្សនៈនេះ កាសែត WSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។តែទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និង បង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ក្រសួងព័ត៌មាន។

ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និង ជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន ហើយក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង