ភ្នំពេញ៖ ក្រសួងអប់រំ កំពុងជ្រើសរើសនិស្សិតអាហារូបករណ៍ ១២០នាក់ទៅសិក្សានៅប្រទេសវៀតណាមសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន២០នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន១០០នាក់។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ និស្សិតដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ត្រូវគោរពតាមគោលការណ៍ដូចជា ជាជនជាតិខ្មែរទាំងពីរភេទ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងនោះចំពោះថ្នាក់អនុបណ្ឌិត បេក្ខជនត្រូវមានអាយុមិនលើសពី ៤០ឆ្នាំគិតត្រឹមខែកញ្ញាឆ្នាំ២០២៦។ ចំណែកថ្នាក់បណ្ឌិត មិនកំណត់អាយុ។ បេក្ខជនត្រូវតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឬ អនុបណ្ឌិតមកពីប្រទេសវៀតណាម។
រីឯថ្នាក់បរិញ្ញាបត្រវិញ បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំគិតត្រឹមខែកញ្ញាឆ្នាំ២០២៦ ព្រមទាំងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យបេក្ខជនត្រូវមានឯកសារភ្ជាប់មួយចំនួនដូចជា ពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប១ច្បាប់ កិច្ចសន្យា១ច្បាប់ រូបភាព៤គុណ៦ ៤សន្លឹក និងច្បាប់ចម្លងបញ្ជាក់ពីគ្រឹះស្ថានសិក្សា ឬប័ណ្ណសម្គាល់ខ្លួនសិស្ស។ មួយវិញទៀត និស្សិតត្រូវភ្ជាប់ជាមួយ សេចក្តីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្ត្រីរាជការ លិខិតឆ្លងដែនថតចម្លងដែលមានសុពលភាព ១ច្បាប់។ ចំពោះវិញ្ញាបនបត្រពិនិត្យកាយសម្បទា ២ច្បាប់ ត្រូវបំពេញនៅពេលបេក្ខជនត្រូវបានជ្រើសរើស។
បេក្ខជនដែលដាក់ពាក្យអាហារូបករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ត្រូវមានសញ្ញាបត្រជាភាសាវៀតណាម ឬភាសាអង់គ្លេស និងព្រឹត្តិបត្រពិន្ទុ ថតចម្លង១ច្បាប់។ រីឯថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយច្បាប់។ បេក្ខជនត្រូវបញ្ជាក់សញ្ញាបត្រឱ្យបានរួចរាល់ ព្រមទាំងភ្ជាប់ជាមួយឯកសារដើមដើម្បីពិនិត្យផ្ទៀងផ្ទាត់។
គួរបញ្ជាក់ថា បេក្ខជនអាចរៀបចំឯកសារឱ្យបានរួចរាល់ និងគ្រប់គ្រាន់។ បន្ទាប់មក យកពាក្យទៅដាក់នៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ឱ្យបានត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។ បេក្ខជនថ្នាក់អនុបណ្ឌិត និងបណ្ឌិត នឹងត្រូវឆ្លងកាត់ការជ្រើសរើសដោយគណៈកម្មការរបស់ក្រសួងអប់រំ។ ចំណែកថ្នាក់បរិញ្ញាបត្រត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាវប្បធម៌ទូទៅ និងគណិតវិទ្យានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ និស្សិតនឹងត្រូវជ្រើសរើសមុខជំនាញសិក្សា ក្រោយពេលប្រឡងជាប់៕