បន្ទាយមានជ័យ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកអនឡាញ ស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងប្រតិបត្តិការក្រុមការងារចម្រុះត្រួតពិនិត្យ ទីតាំងចំនួន២ ស្មើ៣អគារ រកឃើញជនសង្ស័យសរុបចំនួន ៤០២នាក់ ស្រី ៣៦នាក់ មាន១០សញ្ជាតិ។
យោងតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ ក្នុងចំណោមជនបរទេសទាំងជាង៤០០នាក់ មាន១០សញ្ជាតិ ក្នុងនោះរួមមាន ៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី និងបានរឹបអូសសម្ភារៈ វត្ថុតាងមួយចំនួន៖ កុំព្យូទ័រលើតុ (Desktop) និង ALL IN ONE ចំនួន ៦២២ គ្រឿង,កុំព្យូទ័រយួរដៃ(Laptop) ចំនួន ៩គ្រឿង,ទូរស័ព្ទដៃចម្រុះ ចំនួន ២៤៣២គ្រឿង,រថយន្ត ចំនួន ៧គ្រឿង,អាវុធខ្លីម៉ាក CZ 75 លេខ 937310 ដកហូតពីជនជាតិចិន ជាន់ទី១១,គ្រាប់អាវុធ ចំនួន១០គ្រាប់។រកឃើញទូរដែក ចំនួន៦ មានទឹកប្រាក់ ចំនួន ៩.៩០០ ដុល្លារ។
បើតាមរបាយការណ៍ ការឆបោកតាមអនឡាញរូបភាពការអូស ទាញឱ្យវិនិយោគរូបបិយ៍បណ្ណ និង ការទិញលក់ភាគហ៊ុនប្រើប្រាស់ផ្សព្វផ្សាយតាមបណ្តាញសង្គម Fb និង Instagram មានគោលដៅទៅខាងប៉ែកអឺរ៉ុប។រូបភាពឆបោកលួងលោមបោកប្រាស់ស្នេហា ដើម្បីឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគក្លែងក្លាយ មានទិសដៅទៅប្រទេសអាម៉េរិក និងប៉ែកខាងអ៊ឺរ៉ុប តាមបណ្តាញទំនាក់ទំនង Telegram និង Whatapps។ទីតាំងខាងលើ ក្រុមប្រតិបត្តិការចម្រុះ បានសម្រចបិទសៀល ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕