ភ្នំពេញ៖ កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលជាច្រើនដូចជា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
នាឱកាសនេះ លោក Kęstutis Budrys បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ លោកក៏បានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ពិសេសបានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ពាក់ព័ន្ធនឹងវិស័យថាមពលនេះ រដ្ឋមន្ត្រីការបរទេសបានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ជារួម កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល៕