ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ។
យោងតាមសេចក្តីសម្រចក្រុមការងារទី១៖ ទទួលខុសត្រូវ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ លោក ឌី វិជ្ជា។ ក្រុមការងារទី២៖ ទទួលខុសត្រូវខេត្តព្រះសីហនុ កំពត និងកោះកុង ដឹកនាំដោយ លោក យ៉េត វីណែល ។ ក្រុមការងារទី៣៖ ទទួលខុសត្រូវខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ដឹកនាំដោយ លោក ឌួង ឧត្តម ។ ក្រុមការងារទី៤៖ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយ លោក ជួន សុវណ្ណ ។
បើតាមសេចក្តីសម្រេចនេះ ក្រុមការងារនីមួយៗមានភារកិច្ចស្នូលរួមមាន៖ ចុះពិនិត្យទីតាំងសង្ស័យ និង ទីតាំងដែលធ្លាប់បានបង្ក្រាប ឬបិទសៀល (Sealed) នាពេលកន្លងមក ដើម្បីការពារកុំឱ្យមានការលួចលាក់បើកដំណើរការឡើងវិញ ។ ត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និង សិក្សាការបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន ។ តម្រូវឱ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមដាច់ខាតការផ្តល់ទីតាំងសម្រាប់បម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ធ្វើការជិតស្និទ្ធជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរដែនដី ហើយមានសិទ្ធិប្រើប្រាស់កម្លាំងត្រៀមពីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១០រូប ឬច្រើនជាងនេះតាមភាពចាំបាច់។
គួរបញ្ជាក់ថា ថ្លែងក្នុងអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និង កងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។សម្តេចថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និង ឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ៕