681 ezgif.com resize
Moneygramott moi1280x163px

អាម៉េរិកប្រកាសផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ ដល់អ្នកប្រាប់ទីតាំងមជ្ឈមណ្ឌលឆបោកក្នុងរដ្ឋការ៉ែន ក្បែរព្រំដែនថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ កាលពីថ្ងៃទី២៣ ខែមេសា ម្សិលមិញនេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសផ្ដល់ប្រាក់រង្វាន់មហាសាលរហូតដល់ ១០ លានដុល្លារអាម៉េរិក សម្រាប់ព័ត៌មានដែលនាំទៅដល់ការរឹបអូស ឬការប្រមូលទ្រព្យសម្បត្តិមកវិញ ពីបណ្តាញឆបោក និងការលាងលុយកខ្វក់ ដែលប្រតិបត្តិការដោយមជ្ឈមណ្ឌលឆបោក តៃ ឆាង (Tai Chang) ឬ កៅខាត់ (Kyaukkhat) ក្នុងរដ្ឋការ៉ែន (Karen State) នាភូមិភាគព្រំដែនមីយ៉ាន់ម៉ា-ថៃ។

មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងរដ្ឋការ៉ែន ដែលត្រូវបានបង្រ្កាបក្នុងឆ្នាំ២០២៥។

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា មជ្ឈមណ្ឌលទាំងនេះគឺជាផ្នែកមួយនៃបណ្តាញប្រតិបត្តិការឆបោកដ៏ធំទូលាយនៅអាស៊ីអាគ្នេយ៍ ដែលបានបង្កឱ្យជនជាតិអាម៉េរិកខាតបង់ប្រាក់អស់ជាង ៧,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ តែមួយប៉ុណ្ណោះ។ ការប្រកាសផ្តល់រង្វាន់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោយ កងកម្លាំងពិសេសបង្ក្រាបមជ្ឈមណ្ឌលឆបោក (Scam Center Strike Force) ដែលជាប្រតិបត្តិការបង្ក្រាបចម្រុះស្ថាប័ន រួមមានក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក និងទីភ្នាក់ងារ FBI។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលតៃ ឆាង ឬកៅខាត់ ដែលមានទីតាំងស្ថិតក្នុងស្រុកម្យ៉ាវ៉ាឌី (Myawaddy) ក្បែរព្រំដែនថៃ គឺជាតំបន់មជ្ឈមណ្ឌលឆបោកទ្រង់ទ្រាយធំបែបឧស្សាហកម្ម ក្រោមការគ្រប់គ្រងរបស់កងទ័ពពុទ្ធសាសនិកការ៉ែនប្រជាធិបតេយ្យ (DKBA)។ ក្រុមប្រដាប់អាវុធក្នុងស្រុកមួយនេះ ត្រូវបានសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២៥ កន្លងទៅ ចំពោះការបើកដៃឱ្យមានប្រតិបត្តិការតំបន់ឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយសហការជាមួយក្រុមឧក្រិដ្ឋជនឆបោកឆ្លងដែនជនជាតិចិន។

ពលរដ្ឋធ្វើដំណើរតាមផ្លូវក្នុងស្រុកម្យ៉ាវ៉ាឌី (Myawaddy) ក្បែរព្រំដែនថៃ

យុទ្ធនាការផ្តល់ប្រាក់រង្វាន់កម្រិតខ្ពស់នេះ បង្ហាញពីការបង្កើនសម្ពាធផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក ដើម្បីកម្ទេចឫសគល់នៃបណ្តាញឆបោកអនឡាញ ដែលកំពុងរីករាលដាល និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋអាម៉េរិក និងសន្តិសុខសកល។

Khcct banner

អត្ថបទទាក់ទង