អាម៉េរិក៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ការិយាល័យកិច្ចការបង្ក្រាបគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិ (INL) នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ ៤ លានដុល្លារអាម៉េរិក ក្រោមកម្មវិធីប្រឆាំងបទឧក្រិដ្ឋឆ្លងដែនដែលមានអង្គការចាត់តាំង (TOCRP) ដើម្បីស្វែងរកព័ត៌មាននាំទៅដល់ការចាប់ខ្លួនលោក Daren Li ពាក់ព័ន្ធនឹងការជួយសម្រួលដល់ការលាងលុយកខ្វក់មហាសាល ចេញពីមជ្ឈមណ្ឌលឆបោកជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។
លោក Daren Li ត្រូវបានតុលាការសហរដ្ឋអាម៉េរិកប្រចាំតំបន់ភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា សម្រេចផ្តន្ទាទោសរួចជាស្រេចពីបទលាងលុយកខ្វក់ ប៉ុន្តែជននេះបានដោះឧបករណ៍តាមដាន និងកំពុងបន្តរត់គេចខ្លួនចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥។
យោងតាមឯកសារតុលាការ លោក Li ដែលជាពលរដ្ឋចិន និងមានសញ្ជាតិប្រទេសដែនកោះសាំងគីត ណេវីស (St. Kitts and Nevis) ធ្លាប់មានប្រវត្តិរស់នៅក្នុងប្រទេសចិន កម្ពុជា និងអារ៉ាប់រួម។ ជននេះបានសារភាពថា ខ្លួនពិតជាបានសមគំនិតជាមួយបក្ខពួក ដើម្បីលាងលុយដែលបានមកពីការឆបោកគ្រីបតូ (Cryptocurrency) និងល្បិចកលបោកប្រាស់ដទៃទៀតពីជនរងគ្រោះ។
តាមរយៈការស៊ើបអង្កេត មជ្ឈមណ្ឌលឆបោកទាំងនោះបានប្រើប្រាស់សេវាកម្មលាងលុយកខ្វក់តាមរយៈរូបិយបណ្ណគ្រីបតូ ដើម្បីផ្ទេរប្រាក់ចំណេញចេញពីជនរងគ្រោះក្នុងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងជៀសវាងការតាមដានពីអាជ្ញាធរ។ លោក Li បានណែនាំឱ្យអ្នករួមគំនិតបើកគណនីធនាគារនៅអាម៉េរិកក្រោមរូបភាពជា «ក្រុមហ៊ុនខ្យល់» (Shell Companies) ដើម្បីតាមដាន និងផ្ទេរប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស។ ជននេះបានសារភាពថា ថវិកាយ៉ាងហោចណាស់ ៧៣,៦ លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងគណនីធនាគារពាក់ព័ន្ធនឹងរូបលោក និងបក្ខពួក ដែលក្នុងនោះមានប្រាក់ប្រមាណ ៥៩,៨ លានដុល្លារ ត្រូវបានលាងជម្រះតាមរយៈក្រុមហ៊ុនខ្យល់នៅក្នុងសហរដ្ឋអាម៉េរិក។
ការប្រកាសផ្តល់ប្រាក់រង្វាន់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបចម្រុះស្ថាប័នដ៏ធំរបស់រដ្ឋាភិបាលអាម៉េរិក ដែលរួមមានការចោទប្រកាន់ដោយក្រសួងយុត្តិធម៌ (DOJ) លើមេខ្លោងជនជាតិចិនដែលប្រតិបត្តិការនៅភូមា និងកម្ពុជា។ការរឹបអូសបណ្តាញ Telegram ដែលប្រើសម្រាប់ជ្រើសរើសជនរងគ្រោះជួញដូរមនុស្ស និងការបិទគេហទំព័រឆបោកវិនិយោគគ្រីបតូជាង ៥០០ កន្លែង។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានបញ្ជាក់ថា សាធារណជនដែលមានព័ត៌មានអំពីទីតាំងមេខ្លោងរូបនេះ អាចទាក់ទងទៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាម៉េរិកដែលនៅជិតបំផុត ដើម្បីសហការ និងទទួលបានប្រាក់រង្វាន់។ សកម្មភាពរួមគ្នាទាំងអស់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងការកម្ទេចទាំងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងខ្សែរយៈនយោបាយដែលគាំទ្រដល់ឧក្រិដ្ឋកម្មឆ្លងដែន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសាម្សិលមិញ ក្រសួងរតនាគារអាម៉េរិកក៏បានដាក់ទណ្ឌកម្មដោយចោទលើ លោក កុក អាន ព្រមទាំងបុគ្គល និងអង្គភាពចំនួន ២៨ ផ្សេងទៀត ចំពោះការគ្រប់គ្រងមជ្ឈមណ្ឌលឆបោកនៅនៅខេត្តព្រះសីហនុ ប៉ោយបែត បាវិត ជាដើម។