ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់កម្ចីប្រមាណ«៤៦លានដុល្លារ»ដល់កម្ពុជា សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកនៅភ្នំពេញ។ ពិធីចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាននេះ ធ្វើឡើងក្រោយអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៣មេសា។
បើតាមក្រសួងការបរទេស បានបញ្ជាក់ថា គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕