កូឡុំបូ៖ ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត (HACKER) បានលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា ហើយបានលួចយកប្រាក់ចំនួន ២.៥ លានដុល្លារអាម៉េរិក ដែលជាចំនួនទឹកប្រាក់ច្រើនបំផុតដែលមិនធ្លាប់មានដែលត្រូវបានលួចដោយពួក Hacker ពីស្ថាប័នរដ្ឋនៅក្នុងប្រទេសស្រីលង្កាដែលកំពុងតែជាប់បំណុលបរទេសរាប់សិបពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលស្រីលង្កាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមលេខាធិការក្រសួងហិរញ្ញវត្ថុនៃប្រទេសស្រីលង្កាលោក Harshana Suriyapperuma បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរត្រូវបានជូនដំណឹងអំពីការប៉ុនប៉ងលួចចូលទៅក្នុងម៉ាស៊ីនមេអ៊ីមែលរបស់ក្រសួង ហើយការស៊ើបអង្កេតបានបង្ហាញថា ការទូទាត់ចំនួន ២.៥ លានដុល្លារអាម៉េរិកដែលជំពាក់ប្រទេសអូស្ត្រាលីបានបាត់។ លោក Suriyapperuma បន្តថាអ្នកស៊ើបអង្កេតព្រហ្មទណ្ឌកំពុងស៊ើបអង្កេតរឿងនេះ ហើយលោកមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបាននោះទេ លោកថាពេលនេះអាជ្ញាធរស្រីលង្កាកំពុងស្វែងរកជំនួយពីភ្នាក់ងារអនុវត្តច្បាប់បរទេស។ ក្នុងការបាត់លុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះលោកបញ្ជាក់ថាមានមន្ត្រីជាន់ខ្ពស់ចំនួនបួននាក់នៅការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ត្រូវបានផ្អាកការងារបន្ទាប់ពីការលួចចូលនេះ៕