ភ្នំពេញ៖ កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ចិន-កម្ពុជា បានឈានដល់ការឯកភាពលើចំណុចសំខាន់ៗចំនួន៦ចំណុច ដោយគ្របដណ្តប់ ការកសាងវិស័យការពារជាតិកម្ពុជា បង្ក្រាប Online Scams និង ជំរុញគម្រោងធំៗនៅកម្ពុជា ដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម។
យោងតាមលទ្ធផលនៃកិច្ចប្រជុំ “២+២” ចិន-កម្ពុជា ភាគីទាំងពីរបានយល់ព្រមបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ ក្នុងការការពារផលប្រយោជន៍ស្នូល ដោយចិនពេញចិត្តកម្ពុជា ចំពោះការបន្តគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលការណ៍ “ចិនតែមួយ” និង ការគាំទ្រដល់ការបង្រួបបង្រួមជាតិរបស់ចិន។ចំណុចទី២ ចិន និងកម្ពុជា បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសជួយកម្ពុជាពង្រឹងសមត្ថភាពអភិវឌ្ឍន៍ឯករាជ្យ ដោយផ្តោតលើ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” “ច្រករបៀងត្រី និងស្រូវ” និងគម្រោងហ្វូណន-តេជោ។
ទាក់ទងនយោបាយ និងសន្តិសុខវិញ សមភាគីទាំងពីរ ព្រមព្រៀងពង្រឹងការសាមគ្គីភាពគ្នា ទប់ទល់នឹងការជ្រៀតចូលពីខាងក្រៅ និង ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបយ៉ាងតឹងរឹងលើល្បែងស៊ីសងតាមអ៊ីនធឺណិត និង ការក្លែងបន្លំតាមទូរគមនាគមន៍ ដើម្បីការពារប្រជាពលរដ្ឋ និង បង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ។
បន្ថែមពីនេះ កម្ពុជា និងចិន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីជួយកម្ពុជាពង្រឹងសមត្ថភាពការពារជាតិ និង ការពារអធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍អភិវឌ្ឍន៍ ហើយចុងក្រោយ ឯកភាពលើកស្ទួយពាណិជ្ជកម្មសេរី ប្រឆាំងនឹងនយោបាយអំណាច និង គាំទ្រតួនាទីរបស់អង្គការសហប្រជាជាតិ៕