កំពង់ចាម៖ រូបសំណាកនាគព័ន្ទថ្មី សាងអំពីស្ពាន់សុទ្ធ ទម្ងន់ ៨តោន កម្ពស់១០ម៉ែត្រ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា ក្រុងពាលីដំឡើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមេសា ។ កម្មពិធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់៨តោន កម្ពស់១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ)ផង។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូរពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ។
សូមជម្រាបថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្តដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ៕