681 ezgif.com resize
Swift cc time

គណៈរដ្ឋមន្ត្រីកម្ពុជាសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី«កាតព្វកិច្ចយោធា»ជាផ្លូវការ និង ចាត់ទុកជាច្បាប់ ប្រកាសជាការ​ប្រញាប់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៣ មេសា ២០២៦

ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ មេសានេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និង សម្រេច លើរបៀបវារៈសំខាន់ៗចំនួន៥ ដោយក្នុងនោះក៏មានដែរ«សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា»។ជាលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។នេះបើយោងតាមការបង្ហោះពីលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

"កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា"។នេះជាការលើកឡើងរបស់លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អមជាមួយរូបភាពនៃអង្គប្រជុំ។លោកប៉ែន បូណា បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ បន្ថែមថា ក្រោយអនុម័តរួចរាល់សេចក្តីព្រាងច្បាប់ស្តីពី«កាតព្វកិច្ចយោធា»នេះ នឹងបញ្ជូនទៅការរដ្ឋសភាកម្ពុជា ដើម្បីពិនិត្យអនុម័ត។លោកថា ច្បាប់នេះ មានចំនួន៨ជំពូក និងចំនួន ២០មាត្រា ហើយត្រូវបានចាត់ទុកជាច្បាប់ប្រកាសជាការប្រញាប់។

សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

តាមផែនការ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។

រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕



Khcct banner

អត្ថបទទាក់ទង