ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA) បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិនដែលចាប់អារម្មណ៍មកកម្សាន្តនៅប្រទេសកម្ពុជា អំឡុងការអនុវត្តលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនរយៈពេល៤ខែ ដោយគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។ ក្នុងនោះនឹងមានការផ្តល់ជូនសេវាកម្មទេសចរណ៍កាន់តែល្អ ទាំងការស្នាក់នៅ ម្ហូបអាហារ កម្មវិធីកម្សន្ត ពិសេសនឹងទទួលបានខ្សែទស្សនកិច្ចដែលមិនមានភាពច្រំដែល។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍។
លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរចិនដែលមកកម្ពុជាតាមរយៈកញ្ចប់សេវាកម្មTour ជាលក្ខណៈកម្សាន្ត គឺមិនទាន់មានច្រើននៅឡើយទេ ខណៈកន្លងមកភ្ញៀវចិនដែលមកកម្ពុជាភាគច្រើនជាវិនិយោគិន។
សម្រាប់ខែក្រោយៗទៀត ជាពិសេសចាប់ពីពេលអនុវត្តការលើកលែងទិដ្ឋាការ(Free Visa) ដល់ទេសចរចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ខែតុលា អាចនឹងធ្វើឱ្យភ្ញៀវទេសចរចិនមួយចំនួនចាប់អារម្មណ៍មកកម្សាន្តនៅកម្ពុជា។ សម្រាប់សមាគមទេសចរណ៍ យើងបានយកឱកាសនៃការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន សម្រាប់ទំនាក់ទំនង ក៏ដូចជាធ្វើការផ្សព្វផ្សាយនៅប្រទេសចិន ហុងកុង និងម៉ាកាវ ក្នុងនោះដែរកម្ពុជា-ចិន ក៏បានចុះអនុស្សរណៈយោគយល់នៅក្នុងការជំរុញលំហូរភ្ញៀវទេសចររវាងគ្នា។
ប្រធានសមាគមរូបនេះបន្ថែមថា និយាយជារួម កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលភ្ញៀវទេសចរចិន ដោយធ្វើយ៉ាងណាឱ្យសេវាកម្មទេសចរណ៍មានច្រើនសម្បូរបែប និងមានភាពច្នៃប្រឌិត ជាពិសេសខ្សែទស្សនកិច្ចមិនឱ្យមានភាពច្រំដែល។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលចំនួន ១៣ ១០៣ ៩៧៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ថយចុះ៣០% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនាមានចំនួន ២៧០ ៩១១នាក់ ថយចុះ៣២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕