ក្រចេះ៖ កន្ធាយក្បាលកង្កែប ចំនួន ១៥ក្បាលត្រូវបានលែងចូលដែនទឹកធម្មជាតិ។ ការលែងកន្ធាយនេះ ដឹកនាំដោយ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យទីតាំងសំបុកកន្ធាយ ដើម្បីពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប ស្ថិតនៅភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។
កញ្ញា អ៊ឹម រចនា បានសម្តែងនូវការថ្លែងអំណរគុណ ដល់នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល អង្គការ WCS ខណ្ឌរដ្ឋបាលជលផលក្រចេះ និងស្ទឹងត្រែង រួមទាំងសហគមន៍ ក្នុងបេសកកម្មអភិរក្សសត្វកំពុងរងគ្រោះជិតផុតពូជ និងលើកទឹកចិត្តបន្តការងារដែលមាន ដូចជា៖ ការពារសំបុក ការអប់រំ និងការផ្សព្វផ្សាយ ការពង្រឹងការអនុវត្តច្បាប់ និងគម្រោងលើកស្ទួយជីវភាពប្រជាសហគមន៍។
សូមបញ្ជាក់ថា សត្វកន្ធាយក្បាលកង្កែប ឬ Pelochlys Cantorii ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទជិតផុតពូជ ដោយបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា។ បច្ចុប្បន្ន កន្ធាយក្បាលកង្កែប ត្រូវបានបាត់បង់របាយរស់នៅក្នុងប្រទេសជាច្រើន ហើយនៅប្រទេសកម្ពុជា តាមដងទន្លេមេគង្គក្នុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង គឺជារបាយរស់នៅតែមួយគត់ ដែលមានវត្តមានសត្វកន្ធាយក្បាលកង្កែបច្រើនជាងគេលើពិភពលោក។
នៅក្នុងឆ្នាំ២០២៦នេះ សំបុកកន្ធាយក្បាលកង្កែបចំនួន ១៤សំបុក ត្រូវបានរកឃើញ និងការពារ។ ជាលទ្ធផល កូនកន្ធាយចំនួន៩៥ក្បាល ត្រូវបានញ៉ាស់ដោយជោគជ័យ និងមេពូជកន្ធាយក្បាលកង្កែបចំនួន០១ ត្រូវបានជួយសង្គ្រោះនិងបាននាំយកទៅថែទាំ និងតាមដាននៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង៕