ទីក្រុងឡាអេ៖ ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃពុធ បានបដិសេធការជំទាស់ប្រឆាំងនឹងយុត្តាធិការរបស់មេធាវីការពារក្តីរបស់លោកឌូទើតេក្នុងការស្នើសុំដោះលែងលោក ដោយចៅក្រម ICC សម្រេចថាលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលជាអតីតប្រធានាធិបតីហ្វីលីពីនអាចនៅតែត្រូវប្រឈមមុខនឹងការកាត់ក្តីលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកក្នុងកំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ដោយក្នុងអំណាចរបស់លោកនោះលោកបានបោសសម្អាតគ្រឿងញឿននិងសម្លាប់មនុស្សប្រមាណជាង ១២,០០០ នាក់រហូតមកដល់បច្ចុប្បន្ន ដែលភាគច្រើនជាជនក្រីក្រនៅទីក្រុង ហើយក៏មានការសម្លាប់ចំនួន ២,៥៥៥ នាក់ស្ថិតក្រោមស្នាដៃរបស់ប៉ូលីសជាតិហ្វីលីពីន។
មេធាវីការពារក្តីរបស់លោក ឌូទើតេ បានអះអាងថាតុលាការមិនមានយុត្តាធិការលើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសហ្វីលីពីនទេ ពីព្រោះប្រទេសហ្វីលីពីនលែងស្ថិតនៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម របស់ ICC ទៀតហើយ។
រដ្ឋអាជ្ញា ICC បានតបតវិញថា បទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់បានកើតឡើងខណៈពេលដែលប្រទេសហ្វីលីពីននៅតែជាសមាជិកនៃ ICC ដូច្នេះចៅក្រមអាចសម្រេចលើករណីរបស់លោក ឌូទើតេ បាន។ នៅក្នុងសេចក្តីសម្រេចដំបូងក្នុងខែតុលា អង្គជំនុំជម្រះមុនសវនាការរបស់ ICC បានចូលខាងព្រះរាជអាជ្ញា ដោយសម្រេចថា ការស៊ើបអង្កេតលើលោក ឌូទើតេ បានចាប់ផ្តើមមុនពេលការដកខ្លួនរបស់ប្រទេសហ្វីលីពីនចេញពីតុលាការកាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩ ។
លោកស្រី Luz del Carmen Ibanez Carranza ប្រធានតុលាការបាននិយាយថា តុលាការ បានបដិសេធមូលដ្ឋានទាំងបួននៃបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារក្តីរបស់លោកឌូទើតេ។ លោកស្រីបន្តថាបន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍ទាំងមូល អង្គជំនុំជម្រះឧទ្ធរណ៍ចាត់ទុកថា សំណើរបស់មេធាវីការពារក្តីសម្រាប់ការដោះលែងលោក ឌូទើតេ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌគឺគ្មានន័យ និងមិនអាចយកជាការបានឡើយ។
គួររម្លឹកថាលោកឌូទើតេវ័យ ៨១ ឆ្នាំរូបនេះប្រឈមមុខនឹងបទចោទប្រកាន់ចំនួនបីពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ពីបទឃាតកម្មដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តជាផ្នែកមួយនៃការបង្ក្រាបរបស់លោកលើអ្នកប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀន។ ការចោទប្រកាន់ទាំងនេះទាក់ទងនឹងពេលវេលារបស់លោកជាអភិបាលក្រុងដាវ៉ាវរវាងឆ្នាំ ២០១៣ និង ២០១៦ ហើយបន្ទាប់មកជាប្រធានាធិបតីរហូតដល់ខែមីនា ឆ្នាំ២០១៩ នៅពេលដែលហ្វីលីពីនបានដកខ្លួនចេញពី ICC៕